ព្យញ្ជនសំយោគ ឬព្យញ្ជនសញ្ញោគ “ព្យញ្ជនៈតម្រួត”

តើព្យញ្ជនៈណាខ្លះដែលអាចតម្រួត ហើយព្យញ្ជនៈណាខ្លះដែលមិនអាចតម្រួត?
របៀបតម្រួតព្យញ្ជនៈ
ក) ព្យញ្ជនវគ្គៈ គឺតម្រួតលើព្យញ្ជនៈវគ្គតាមលំដាប់វគ្គៈរបស់ខ្លួនដូចតទៅនេះ៖
កវគ្គៈ ព្យញ្ជនៈទី១ គឺ តម្រួតលើតួខ្លួនឯង និងលើទី២ គឺ ដូចជា អក្កមតិ អក្ខរំ និងព្យញ្ជនៈទី៣ គឺ តម្រួតលើខ្លួនឯង និងលើព្យញ្ជនៈទី៤ គឺ ដូចជា អគ្គំ អគ្ឃតិ ហើយព្យញ្ជនៈទី៥ គឺ តម្រួតលើព្យញ្ជនៈទាំង៤តួក្នុងវគ្គរបស់ខ្លួនគឺ ក ខ គ ឃ ដូចជា អង្កយតិ ទង្ខតិ លិង្គយតិ លង្ឃយតិ ជាដើម ។ (រង់ចាំសិក្សាបន្ត)

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

អក្ខរប្បភេទ (តចប់)

នៅក្នុងការសិក្សាអក្ខរប្បភេទបន្តទៅនេះ នឹងមិនអធិប្បាយអំពី ទីឃៈ រស្សៈ ឬនិគ្គហិត ទៀតឡើយ ព្រោះបានអធិប្បាយទុកខាងដើមរួចហើយ ។
គរុ និង លហុ
គរុ “ធ្ងន់, យូរ” គឺអក្ខរៈដែលត្រូវអានឲ្យមានសម្លេងធ្ងន់ដោយសង្ខេបមាន ៣ យ៉ាងគឺ ទីឃគរុ១ សំយោគគរុ១ និគ្គហិតគរុ១ ។
-ទីឃគរុ សំដៅយកស្រៈទីឃៈ ៥តួគឺ អា ឦ ឩ ឯ ឱ ។ ទោះប្រើជាស្រៈនិស្ស័យ គឺ កា កី កូ កេ កោ ជាដើម ក៏ហៅថា ទីឃគរុដែរ ។
-សំយោគគរុ ឬសញ្ញោគគរុ សំដៅយកស្រៈ ៣ តួ ទោះប្រើជាស្រៈពេញតួគឺ អ ឥ ឧ ក្តី ទោះប្រើជាស្រៈនិស្ស័យផ្សំជាមួយព្យញ្ជនៈ ដូចជា ក កា កុ ក្តី ដែលមានព្យញ្ជនៈ​តម្រួតគ្នាពីរតួនៅខាងចុង ដូចជា អត្ថស្ស ឥជ្ឈិស្សតិ ឧច្ចុត្តមោ ក្តី យ៉ាងនេះ ហៅថា សំយោគគរុ ។
-និគ្គហិតគរុ សំដៅយកស្រៈរស្សៈ៣តួ ទោះជាស្រៈពេញតួ (អ ឥ ឧ) ក្តី ទោះជាស្រៈនិស្ស័យ​ ដូច ក កិ កុ ជាដើមក្តី ដែលមាននិគ្គហិត “ំ” អាស្រ័យនៅជាមួយផង ដូចជា អំសំ ឥំការោ កឹ ឧំការោ កាតុំ យ៉ាងនេះ ហៅថា និគ្គហិតគរុ ។
លហុ “ស្រាល, រហ័ស” សំដៅយកស្រៈរស្សៈ ៣ តួ ទោះប្រើជាស្រៈពេញតួគឺ អ ឥ ឧ ក្តី ទោះប្រើជាស្រៈនិស្ស័យដូចជា ក កិ កុ ជាដើមក្តី ដែលមិនមានព្យញ្ជនៈតម្រួតនៅខាងចុង ឬមិនមាននិគ្គហិត “ំ” អាស្រ័យនៅជាមួយផង យ៉ាងនេះ ហៅថា លហុ ។
វិមុត្ត “បង្ហើបមាត់ហើយបញ្ចេញសម្លេង” គឺអក្ខរៈក្រៅអំពីនិគ្គហិត៤០តួ តាំងពី អ ដល់ ឡ ដែលវេលាសូធ្យត្រូវបង្ហើបមាត់ឲ្យ​លើសជាងប្រក្រតីបន្តិច​ ហើយបញ្ចេញសម្លេងដូច បាណា ថេរោ ឱវាទោ ឯសា ញត្តិ ជាដើម ។
សម្ពន្ធៈ “បទដែលចងភ្ជាប់” គឺបទដែលចងភ្ជាប់ជាបទសន្ធិ ដូចជា តត្ថេវ ជាដើម ។
វិវត្ថិតៈ “បទញែក” គឺបទដែលកាត់ញែកចេញពីបទសន្ធិ ដូចជា តត្ថ + ឯវ ជាដើម ។
(ចប់អក្ខរប្បភេទ)

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , | Leave a comment

អក្ខរប្បភេទ “ប្រភេទនៃអក្សរ”

អក្ខរប្បភេទ “ប្រភេទនៃអក្ខរៈ ឬអក្សរ” គឺគូនៃអក្សរដែលមានសូរជាទំនាស់នឹងគ្នា បើរាប់ជាគូមាន ៥ គូ បើរាប់រាយមាន ១០ យ៉ាងគឺ សិថិល, ធនិត, ទីឃៈ, រស្សៈ, គរុ, លហុ, និគ្គហិត, វិមុត្ត, សម្ពន្ធៈ​ និងវិវត្ថៈ ។
១) សិថិល “សម្លេងធូរ មិនតឹង” គឺព្យញ្ជនៈដែលត្រូវអានឲ្យមានសម្លេងធូរ ចែកជា ២ ពួកគឺ សិថិលអឃោសៈ១ពួក សិថិលឃោសៈ១ពួក ។
ក. សិថិលអឃោសៈ “ព្យញ្ជនៈដែលមានសម្លេងធូរស្រួយ” មាន ៥ តួគឺ ក ច ដ ត​ ប ។
ខ. សិថិលឃោសៈ “ព្យញ្ជនៈដែលមានសម្លេងធូរគ្រល័រ” មាន ៥ តួគឺ គ ជ ឌ ទ ព ។
២) ធនិត “មិនធូរ តឹង” គឺព្យញ្ជនៈដែលត្រូវអានឲ្យមានសម្លេងតឹង ហើយចែកជាពីរពួកដែរគឺ ធនិតអឃោសៈ១ពួក ធនិតឃោសៈ១ពួក ។
ក. ធនិតអឃោសៈ “ព្យញ្ជនៈដែលមានសម្លេងតឹងស្រួយ” មាន ៥ តួគឺ ខ ឆ ឋ ថ ផ ។
ខ. ធនិតឃោសៈ “ព្យញ្ជនៈដែលមានសម្លេងតឹងគ្រល័រ” មាន ៥ តួគឺ ឃ ឈ ឍ ធ ភ ។
ចំណាំៈ ធនិតទាំង១០តួ កើតមកពីសិថិលទាំង១០តួផ្សំនឹង ហ គឺ
ខ មកពី ក+ហ អានថា ក្ហៈ
ឆ មកពី ច+ហ អានថា ច្ហៈ
ឋ មកពី ដ+ហ អានថា ដ្ហៈ
ថ មកពី ត+ហ អានថា ត្ហៈ
ផ មកពី ប+ហ អានថា ប្ហៈ
ឃ មកពី គ+ហ អានថា គ្ហៈ
ឈ មកពី ជ+ហ អានថា ជ្ហៈ
ឍ មកពី ឌ+ហ អានថា ឌ្ហៈ
ធ មកពី ទ+ហ អានថា ទ្ហៈ
ភ មកពី ព+ហ អានថា ព្ហៈ
គួរកំណត់សម្គាល់ផងដែរ ចំពោះការអាន ព្យញ្ជនៈជាធនិតទាំងអស់ គប្បីអានឲ្យជាសម្លេងតែមួយ ទោះបីផ្សំពីសម្លេងព្យញ្ជនៈពីរក៏ដោយ លើកលែងតែ ឋ ឍ ថ ធ ត្រូវ​អានឲ្យមានសម្លេងពីរ ជៀសវាងការច្រលំ ។ ឧ. ថ អានថា ត្ហៈ និង ឋ អានថា ដ្ហៈ ឬ ឍ អានថា ឌ្ហៈ ហើយ ធ អានថា ទ្ហៈ ដូចនេះមិនអាចច្រលំបានទេ ។
វគ្គន្តព្យញ្ជនៈ “ព្យញ្ជនៈទីបំផុតវគ្គៈ” ៥ តួគឺ ង ញ ណ ន ម និងអវគ្គៈ ៨ តួគឺ យ រ ល វ ស ហ ឡ ំ មិនចាត់ជា សិថិល ឬធនិតឡើយ ។ (សូមរង់ចំាសិក្សាបន្ត)

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

ឱកាសមានជានិច្ចសម្រាប់អ្នកដឹងខ្លួន

ទ​ន្ទឹមនឹងបច្ចេកវិទ្យាកាន់តែទំនើប មនុស្សដែលមិន​មានស្មារតីគ្រប់គ្រាន់ កាន់តែមានសេចក្តីប្រមាទ (សេចក្តីធ្វេសប្រហែស) កាន់តែមានសេចក្តីខ្ជិលច្រអូស សុខភាពកាន់តែអន់ថយ អាយុកាន់តែខ្លី ប៉ុន្តែទោះបីយ៉ាងណា អ្នកដែលមាន​សតិ គឺការរឭកជាប្រក្រតី មិនដែលហួសពេលឡើយ ។ ហេតុនេះ សូមជូនពុទ្ធភាសិតមួយ ទុកជាគ្រឿងពិចារណាដើម្បីអភិវឌ្ឍខ្លួន៖
យោ ច បុព្វេ បមជ្ជិត្វា        បច្ឆា សោ នប្បមជ្ជតិ
សោ មំ លោកំ បភាសេតិ    អព្ភា មុត្តោវ ចន្ទិមា ។

(ប្រែថា) “អ្នកដែលប្រមាទ​(ធ្វេសប្រហែស)លើកមុនហើយ ដល់មកខាងក្រោយគេលែងប្រមាទ(ធ្វេសប្រហែស) នឹងញ៉ាំងលោកនេះ​ឲ្យភ្លឺ​បាន ដូចព្រះចន្ទផុតហើយ​ចាក​ពពកចាំងពន្លឺឲ្យភ្លឺច្បាស់ដូច្នោះឯង” ។

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , , , | Leave a comment

បុណ្យវិសាខបូជា

បុណ្យវិសាខបូជា គឺជាអនុស្សរណកិច្ចមួយនៅក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជនទាំងឡាយ គប្បីសិក្សា និងតាំងចិត្តឲ្យជ្រះថ្លាដើម្បីមហាកុសលទាំងពួង ។ ពិធីនេះ​ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃ ១៥ កើត​ ​ពេញបូណ៌មី ខែវិសាខ ដើម្បីរឭកដល់៖
១) ថ្ងៃដែលព្រះពោធិសត្វទ្រង់​ប្រសូត
២) ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ
៣) ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន ។
ហេតុដូច​នេះ អ្នកបា្រថ្នាចង់ចេះដឹងអំពីបុណ្យវិសាខបូជាល្មមយល់ចូលចិត្តបាន គប្បីទាញយកឯកសារដែលបានប្រមួលរៀបរៀងខាងក្រោមនេះ
កិច្ចការស្រាវជ្រាវអំពី បុណ្យវិសាខបូជា
សូមអនុមោទនា!!!

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , , , | 2 Comments

អភិធានប្បទីបិកា (បទានុក្រមបាលី)

សូមចុចលើពាក្យ “pali-dictionary” ខាងក្រោម ដើម្បីទាញយកឯកសារ
Pali.Dictionary

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , | Leave a comment

អំពី “ស៊យ,ហេង,ឆ្នែង,ស្វាក់” ដោយសម្តេចសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Posted in ទំព័រដើម | Tagged | Leave a comment

រៀនអានភាសាបាលី

បន្ទាប់ពីស្គាល់អក្ខរៈ ឬអក្សរ ៤១ តួ (ស្រៈ ៨ តួ និងព្យញ្ជនៈ៣៣តួ) ហើយ អ្នកសិក្សាភាសាបាលី គប្បីសិក្សាអំពីឋាន និងករណៈនៃអក្ខរៈ, ឃោសាឃោសៈ និងអក្ខរប្បភេទ ដើម្បីអានបាលីភាសា​ឲ្យបានត្រឹមត្រូវ ។ ចំពោះឋាននៃអក្ខរៈ និងករណៈនៃអក្ខរៈ ត្រូវបានបង្ហាញរួចមកហើយ ។ បន្ទាប់​ពីនេះ នឹងបង្ហាញអំពីឃោសាឃោសៈ និងអក្ខរប្បភេទជាបន្តបន្ទាប់ ។

ឃោសាឃោសៈ(ឃោសៈ និងអឃោសៈ) នៃអក្ខរៈ ៤១ តួ

ប្រសិនបើប្រៀបធៀបរវាងភាសាបាលី និងភាសាខ្មែរយើង អឃោសៈ និងឃោសៈនេះ មានលំនាំ​ប្រហែលនឹងសំឡេង “អ” និងសំឡេង “អ៊”នៃព្យញ្ជនៈក្នុងភាសាខ្មែរ ប៉ុន្តែការអានមាន​ភាពខុសគ្នា​​ត្រង់ សំឡេង “អ”​ក្នងភាសាខ្មែរ ឲ្យអានថា អៈ “អាក់” (=អឃោសៈ) ក្នុងភាសាបាលី ហើយ​សំឡេង “អ៊”ក្នុងភាសាខ្មែរ ឲ្យអានថា អ៊ៈ “អ៊ាក់” (=ឃោសៈ) ក្នុងភាសាបាលី ដែលប្រើសញ្ញាចុច​ពីរ (ៈ) ជាគ្រឿងសម្គាល់ ដូចជា ក អានថា កាក់ (មិនអានថា ក ទេ) គ អានថា គាក់ (មិនមែន​អានថា គ ទេ) ជាដើម ។

  1. អឃោសៈ “ព្យញ្ជនៈដែលមានសំឡេងមិនគឹកកង មានសំឡេងតូច ឬមានសំឡេងស្រួយ” បានដល់ព្យញ្ជនៈ ១១តួគឺ កខ ចឆ ដឋ តថ បផ ស ។
  2. ឃោសៈ “ព្យញ្ជនៈដែលមានសំឡេងគឹកកង មានសំឡេងធំ ឬមានសំឡេងគ្រល័រ” មាន២១តួគឺ គឃង ជឈញ ឌឍណ ទធន ពភម យរលវហឡ ។
  3. អក្ខរៈក្រៅពីនេះ ហៅថា ឃោសាឃោសវិមុត្ត “អក្សររួចផុតចាកឃោសៈ និងអឃោសៈ” សំដៅយកស្រៈ៨តួគឺ អអា ឥឦ ឧឩ ឯឱ និងនិគ្គហិតគឺ ំ (អានថា អ័ង មិនមែន អំ ទេ)​ ។

ចំណាំ៖ ព្យញ្ជនៈជាឃោសៈ១១តួគឹ (ង) ញ ណ​ ន ម យ រ ល វ ហ ឡ នេះ អាចក្លាយជាអឃោសៈ​វិញ ​ប្រសិនបើមានព្យញ្ជនៈជាអឃោសៈនៅខាងដើម (អាចផ្តួលសំឡេងបាន) ។ ឧទាហរណ៍

ញ ដូចជា បញ្ញត្តិ អានថា “ប៉ាញ់-ញ៉ាត់-តិ” ព្រោះមានអឃោសៈ ប (ប៉ាក់)នៅខាងដើម

ណ ដូចជា​ ខណិកំ អានថា “ខៈ-ណិ-កំ (កាំង)” ព្រោះមានអឃោសៈ ខ (ក្ហាក់)នៅខាងដើម

ន ដូចជា បនោតិ អានថា “បៈ-ន៉ោ-តិ” ព្រោះមានអឃោសៈ ប នៅខាងដើម

ម ដូចជា សមថោ អានថា “សៈ-ម៉ៈ-ថោ” ព្រោះមានអឃោសៈ ស (សៈ ឬថា សាក់)នៅខាងដើម

យ ដូចជា បយោ អានថា “ប៉ៈ-យ៉ោ” ព្រោះមានអឃោសៈ ប នៅខាងដើម

រ ដូចជា សារាបនីយោ​ អានថា “សារ៉ា-ប៉ៈណីយ៉ោ” ព្រោះមានអឃោសៈ សា នៅខាងដើម

ល ដូចជា កាលោ អានថា “កា-ល៉ោ” ព្រោះមានអឃោសៈ កា នៅខាងដើម

វ ដូចជា សាវិកា អានថា “សា-វ៉ិ-កា” ព្រោះមានអឃោសៈ សា នៅខាងដើម

ហ ដូចជា សហិតំ អានថា “សៈ-ហិ-តំ(តាំង)” ព្រោះមានអឃោសៈ ស នៅខាងដើម

ឡ ដូចជា ខឡយតិ អានថា “ខៈ-ឡៈ-យ៉ៈ-តិ” ព្រោះមានអឃោសៈ ខ នៅខាងដើម ។

ករណីនៃការអានផ្តួលសំឡេងតាមអឃោសៈខាងដើមនេះ បានចំពោះតែ​មូលសព្ទ (សព្ទ​ដើម)តែមួយៗ​ប៉ុណ្ណោះ បើមូលសព្ទផ្សេងគ្នា មិនអាចប្រែប្រួលតាមឡើយ ដូចយ៉ាង នច្ចគីតវាទិត និង ទេសវាសោ ជាដើម ។ បទទាំងពីរនេះ មានមូលសព្ទផ្សេងៗគ្នាគឺ

នច្ចគីតវាទិត មានមូលសព្ទបីគឺ នច្ច “របាំ” + គីត “ចម្រៀង” + វាទិត “ការប្រគំ” មិនអាចអានថា “ន័ច-ចៈ គី-តៈ វ៉ា-ទិ-តៈ” បានឡើយ​ បើទោះមានអឃោសៈ ត នៅខាងដើម វា ក៏ដោយ

ទេសវាសោ មានមូលសព្ទពីរគឺ ទេសៈ “ប្រទេស” និង វាសោ “ការនៅ” ពុំអាចអានថា “ទេ-សៈ-វ៉ា-សោ” ឡើយ ទោះមានតួ ស ជាអឃោសៈនៅខាងដើម វា ក៏ដោយ ។ (សូមរង់ចាំសិក្សា​​អំពីអក្ខរប្បភេទជាបន្ត)

ឃោសាឃោសៈ

ឃោសាឃោសៈ

 

Posted in ទំព័រដើម, និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , | Leave a comment

ហេតុអ្វីបានជាខ្មែរកសាងព្រះវិហារបែរមុខទៅទិសខាងកើត? ដោយ សម្តេចសង្ឃរាជ ជួន ណាត

Posted in ពត៌មានផ្សេងៗ | Tagged | Leave a comment

ករណៈនៃអក្ខរៈ៤១តួ

ករណៈ “ដំណើរឬលំនាំដែលធ្វើនូវសំឡេងនៃអក្ខរៈ”​ គឺជាបែបនៃការហ្វឹកហាត់បញ្ចេញសំឡេង មាន៤លំនាំគឺ

  1. ជិវ្ហាមជ្ឈំ “ត្រង់ពាក់កណ្តាលអណ្តាត” គឺអក្សរដែលមានលំនាំសំឡេងត្រង់ពាក់កណ្តាល​អណ្តាត់ មាន៨តួគឺ ឥ ឦ ចឆជឈញ យ
  2. ជិវ្ហោបគ្គំ “ឲ្យរលាស់ចុងអណ្តាតចូល” គឺអក្សរដែលមានលំនាំធ្វើសំឡេងឲ្យរលាស់ចុង​អណ្តាតចូល មាន៧តួួគឺ ដឋឌឍណ រ ឡ
  3. ជិវ្ហគ្គំ ” ត្រង់ចុងអណ្តាត” គឺអក្សរដែលមានលំនាំសំឡេងត្រង់ចុងអណ្តាត មាន៧តួគឺ តថទធន លស
  4. សកដ្ឋានំ “តាមឋានសំឡេងរបស់ខ្លួនស្រាប់” គឺអក្សរដែលមានលំនាំសំឡេងតាមទីតាំង​កើតសំឡេងរបស់ខ្លួនៗ មាន១៩តួគឺ កណ្ឋជៈ “កើតក្នុងក” ៨តួគឺ អអា កខគឃង ហ, ឱដ្ឋជៈ “កើតត្រង់ប្រទល់បបូរមាត់” ៧តួគឺ ឧឩ បផពភម, កណ្ឋតាលុជៈ “កើតក្នុងកនិងពិតាន” ១តួគឺ ឯ, កណ្ឋោដ្ឋជៈ “កើតក្នុងកនិងប្រទល់បបូរមាត់” ១តួគឺ ឱ, ទន្តោដ្ឋជៈ “កើតត្រង់ប្រទល់ធ្មេញ​និងប្រទល់បបូរមាត់” ១តួគឺ វ, នាសិកជៈ “កើតក្នុងច្រមុះ” គឺ ំ អានថា អ័ង ។
Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged | Leave a comment