រៀនអានភាសាបាលី

បន្ទាប់ពីស្គាល់អក្ខរៈ ឬអក្សរ ៤១ តួ (ស្រៈ ៨ តួ និងព្យញ្ជនៈ៣៣តួ) ហើយ អ្នកសិក្សាភាសាបាលី គប្បីសិក្សាអំពីឋាន និងករណៈនៃអក្ខរៈ, ឃោសាឃោសៈ និងអក្ខរប្បភេទ ដើម្បីអានបាលីភាសា​ឲ្យបានត្រឹមត្រូវ ។ ចំពោះឋាននៃអក្ខរៈ និងករណៈនៃអក្ខរៈ ត្រូវបានបង្ហាញរួចមកហើយ ។ បន្ទាប់​ពីនេះ នឹងបង្ហាញអំពីឃោសាឃោសៈ និងអក្ខរប្បភេទជាបន្តបន្ទាប់ ។

ឃោសាឃោសៈ(ឃោសៈ និងអឃោសៈ) នៃអក្ខរៈ ៤១ តួ

ប្រសិនបើប្រៀបធៀបរវាងភាសាបាលី និងភាសាខ្មែរយើង អឃោសៈ និងឃោសៈនេះ មានលំនាំ​ប្រហែលនឹងសំឡេង “អ” និងសំឡេង “អ៊”នៃព្យញ្ជនៈក្នុងភាសាខ្មែរ ប៉ុន្តែការអានមាន​ភាពខុសគ្នា​​ត្រង់ សំឡេង “អ”​ក្នងភាសាខ្មែរ ឲ្យអានថា អៈ “អាក់” (=អឃោសៈ) ក្នុងភាសាបាលី ហើយ​សំឡេង “អ៊”ក្នុងភាសាខ្មែរ ឲ្យអានថា អ៊ៈ “អ៊ាក់” (=ឃោសៈ) ក្នុងភាសាបាលី ដែលប្រើសញ្ញាចុច​ពីរ (ៈ) ជាគ្រឿងសម្គាល់ ដូចជា ក អានថា កាក់ (មិនអានថា ក ទេ) គ អានថា គាក់ (មិនមែន​អានថា គ ទេ) ជាដើម ។

 1. អឃោសៈ “ព្យញ្ជនៈដែលមានសំឡេងមិនគឹកកង មានសំឡេងតូច ឬមានសំឡេងស្រួយ” បានដល់ព្យញ្ជនៈ ១១តួគឺ កខ ចឆ ដឋ តថ បផ ស ។
 2. ឃោសៈ “ព្យញ្ជនៈដែលមានសំឡេងគឹកកង មានសំឡេងធំ ឬមានសំឡេងគ្រល័រ” មាន២១តួគឺ គឃង ជឈញ ឌឍណ ទធន ពភម យរលវហឡ ។
 3. អក្ខរៈក្រៅពីនេះ ហៅថា ឃោសាឃោសវិមុត្ត “អក្សររួចផុតចាកឃោសៈ និងអឃោសៈ” សំដៅយកស្រៈ៨តួគឺ អអា ឥឦ ឧឩ ឯឱ និងនិគ្គហិតគឺ ំ (អានថា អ័ង មិនមែន អំ ទេ)​ ។

ចំណាំ៖ ព្យញ្ជនៈជាឃោសៈ១១តួគឹ (ង) ញ ណ​ ន ម យ រ ល វ ហ ឡ នេះ អាចក្លាយជាអឃោសៈ​វិញ ​ប្រសិនបើមានព្យញ្ជនៈជាអឃោសៈនៅខាងដើម (អាចផ្តួលសំឡេងបាន) ។ ឧទាហរណ៍

ញ ដូចជា បញ្ញត្តិ អានថា “ប៉ាញ់-ញ៉ាត់-តិ” ព្រោះមានអឃោសៈ ប (ប៉ាក់)នៅខាងដើម

ណ ដូចជា​ ខណិកំ អានថា “ខៈ-ណិ-កំ (កាំង)” ព្រោះមានអឃោសៈ ខ (ក្ហាក់)នៅខាងដើម

ន ដូចជា បនោតិ អានថា “បៈ-ន៉ោ-តិ” ព្រោះមានអឃោសៈ ប នៅខាងដើម

ម ដូចជា សមថោ អានថា “សៈ-ម៉ៈ-ថោ” ព្រោះមានអឃោសៈ ស (សៈ ឬថា សាក់)នៅខាងដើម

យ ដូចជា បយោ អានថា “ប៉ៈ-យ៉ោ” ព្រោះមានអឃោសៈ ប នៅខាងដើម

រ ដូចជា សារាបនីយោ​ អានថា “សារ៉ា-ប៉ៈណីយ៉ោ” ព្រោះមានអឃោសៈ សា នៅខាងដើម

ល ដូចជា កាលោ អានថា “កា-ល៉ោ” ព្រោះមានអឃោសៈ កា នៅខាងដើម

វ ដូចជា សាវិកា អានថា “សា-វ៉ិ-កា” ព្រោះមានអឃោសៈ សា នៅខាងដើម

ហ ដូចជា សហិតំ អានថា “សៈ-ហិ-តំ(តាំង)” ព្រោះមានអឃោសៈ ស នៅខាងដើម

ឡ ដូចជា ខឡយតិ អានថា “ខៈ-ឡៈ-យ៉ៈ-តិ” ព្រោះមានអឃោសៈ ខ នៅខាងដើម ។

ករណីនៃការអានផ្តួលសំឡេងតាមអឃោសៈខាងដើមនេះ បានចំពោះតែ​មូលសព្ទ (សព្ទ​ដើម)តែមួយៗ​ប៉ុណ្ណោះ បើមូលសព្ទផ្សេងគ្នា មិនអាចប្រែប្រួលតាមឡើយ ដូចយ៉ាង នច្ចគីតវាទិត និង ទេសវាសោ ជាដើម ។ បទទាំងពីរនេះ មានមូលសព្ទផ្សេងៗគ្នាគឺ

នច្ចគីតវាទិត មានមូលសព្ទបីគឺ នច្ច “របាំ” + គីត “ចម្រៀង” + វាទិត “ការប្រគំ” មិនអាចអានថា “ន័ច-ចៈ គី-តៈ វ៉ា-ទិ-តៈ” បានឡើយ​ បើទោះមានអឃោសៈ ត នៅខាងដើម វា ក៏ដោយ

ទេសវាសោ មានមូលសព្ទពីរគឺ ទេសៈ “ប្រទេស” និង វាសោ “ការនៅ” ពុំអាចអានថា “ទេ-សៈ-វ៉ា-សោ” ឡើយ ទោះមានតួ ស ជាអឃោសៈនៅខាងដើម វា ក៏ដោយ ។ (សូមរង់ចាំសិក្សា​​អំពីអក្ខរប្បភេទជាបន្ត)

ឃោសាឃោសៈ

ឃោសាឃោសៈ

 

Advertisements
Posted in ទំព័រដើម, និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , | Leave a comment

ហេតុអ្វីបានជាខ្មែរកសាងព្រះវិហារបែរមុខទៅទិសខាងកើត? ដោយ សម្តេចសង្ឃរាជ ជួន ណាត

Posted in ពត៌មានផ្សេងៗ | Tagged | Leave a comment

ករណៈនៃអក្ខរៈ៤១តួ

ករណៈ “ដំណើរឬលំនាំដែលធ្វើនូវសំឡេងនៃអក្ខរៈ”​ គឺជាបែបនៃការហ្វឹកហាត់បញ្ចេញសំឡេង មាន៤លំនាំគឺ

 1. ជិវ្ហាមជ្ឈំ “ត្រង់ពាក់កណ្តាលអណ្តាត” គឺអក្សរដែលមានលំនាំសំឡេងត្រង់ពាក់កណ្តាល​អណ្តាត់ មាន៨តួគឺ ឥ ឦ ចឆជឈញ យ
 2. ជិវ្ហោបគ្គំ “ឲ្យរលាស់ចុងអណ្តាតចូល” គឺអក្សរដែលមានលំនាំធ្វើសំឡេងឲ្យរលាស់ចុង​អណ្តាតចូល មាន៧តួួគឺ ដឋឌឍណ រ ឡ
 3. ជិវ្ហគ្គំ ” ត្រង់ចុងអណ្តាត” គឺអក្សរដែលមានលំនាំសំឡេងត្រង់ចុងអណ្តាត មាន៧តួគឺ តថទធន លស
 4. សកដ្ឋានំ “តាមឋានសំឡេងរបស់ខ្លួនស្រាប់” គឺអក្សរដែលមានលំនាំសំឡេងតាមទីតាំង​កើតសំឡេងរបស់ខ្លួនៗ មាន១៩តួគឺ កណ្ឋជៈ “កើតក្នុងក” ៨តួគឺ អអា កខគឃង ហ, ឱដ្ឋជៈ “កើតត្រង់ប្រទល់បបូរមាត់” ៧តួគឺ ឧឩ បផពភម, កណ្ឋតាលុជៈ “កើតក្នុងកនិងពិតាន” ១តួគឺ ឯ, កណ្ឋោដ្ឋជៈ “កើតក្នុងកនិងប្រទល់បបូរមាត់” ១តួគឺ ឱ, ទន្តោដ្ឋជៈ “កើតត្រង់ប្រទល់ធ្មេញ​និងប្រទល់បបូរមាត់” ១តួគឺ វ, នាសិកជៈ “កើតក្នុងច្រមុះ” គឺ ំ អានថា អ័ង ។
Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged | Leave a comment

ឋាននៃអក្ខរៈ ៤១ តួ

ឋាន “ទីតាំងដែលកើតសំឡេងនៃអក្ខរៈ” មាន ៦​ យ៉ាងគឺ

 1. កណ្ឋជៈ “ពួកអក្ខរៈដែលកើតក្នុងក” មាន៨តួគឺ អ អា ក ខ គ ឃ ង ហ
 2. តាលុជៈ “ពួកអក្ខរៈដែលកើតក្នុងពិតាន” មាន៨តួគឺ ឥ ឦ ច ឆ ជ ឈ ញ យ
 3. មុទ្ធជៈ “ពួកអក្ខរៈដែលកើតក្នុងក្បាល” មាន៧តួគឺ ដ ឋ ឌ ឍ ណ រ ឡ
 4. ទន្តជៈ “ពួកអក្ខរៈដែលកើតត្រង់ប្រទល់ធ្មេញ” មាន៧តួគឺ ត ថ ទ ធ ន ល ស
 5. ឱដ្ឋជៈ “ពួកអក្ខរៈដែលកើតត្រង់ប្រទល់បបូរមាត់” មាន៧តួគឺ ឧ ឩ ប​ ផ ព ភ ម
 6. នាសិកជៈ “ពួកអក្ខរៈដែលកើតក្នុងច្រមុះ” មាន១តួគឺ ំ អានថា “អ័ង” ដែលហៅថា និគ្គហិត “ព្យញ្ជនៈស្ថិតនៅអាស្រ័យនឹងស្រៈរស្សៈ” ឬ ហៅថា អនុសារៈ “ព្យញ្ជនៈបញ្ចេញសំឡេងតាម​លំនាំស្រៈ” ។ និគ្គហិត “ំ” នេះ អាស្រ័យស្រៈរស្សៈ ៣ តួគឺ អ ឥ ឧ ទៅជា អំ ឥំ ឧំ ឬទៅជា​ស្រៈនិស្ស័យ ំ ឹ ុំ ដូចជា តំ តឹ តុំ ជាដើម ។ ក្នុងការអាន និគ្គហិតនេះ អាចបញ្ចេញសំឡេង​បាន ២​ យ៉ាងគឺ បញ្ចេញសំឡេងដូចមានអក្សរ “ង” ប្រកបខាងចុងគឺ “តំ តឹ តុំ” អានថា “ត័ង តិង តុង” ១ យ៉ាង បញ្ចេញសំឡេងដូចមានអក្សរ “ម” ប្រកបខាងចុងគឺ “តម៑ តិម៑ តុម៑” ១ យ៉ាង ។

ឋាននៃអក្ខរៈនេះ បើពោលដោយសង្ខេប មានពីរយ៉ាងគឺ

 • ឯកដ្ឋានជៈ “ពួកអក្សរដែលកើតក្នុងទីតាំងតែមួយ” មាន៣២តួគឺ អអា, ឥឦុ, ឧឩ, កខគឃ, ចឆជឈ, ដឋឌឍ, តថទធ, បផពភ, យរលសឡ ំ
 • ទ្វិដ្ឋានជៈ “ពួកអក្សរដែលកើតក្នុងទីតាំងពីរ” មាន៩តួគឺ ង កើតក្នុងកនិងច្រមុះ, ញ កើតក្នុង​ពិតាននិងច្រមុះ, ណ កើតក្នុងក្បាលនិងច្រមុះ, ន កើតត្រង់ប្រទល់ធ្មេញនិងច្រមុះ, ម កើត​ត្រង់ប្រទល់បបូរមាត់និងច្រមុះ, ឯ កើតក្នុងកនិងពិតាន, ឱ កើតក្នុងកនិងប្រទល់បបូរមាត់,​ វ កើតត្រង់ប្រទល់ធ្មេញនិងប្រទល់បបូរមាត់, និង ហ បើផ្សំចូលនឹងព្យញ្ជនៈ ៨តួគឺ ញ ណ (ន) ម យ ល វ ឡ ដូចជា តញ្ហិ តណ្ហា តម្ហា មយ្ហំ វុល្ហំ ជិវ្ហា រុឡ្ហំ នេះ កើតក្នុងទ្រូង ហៅថា ឧរជៈ “អក្ខរៈដែលកើតក្នុងទ្រូង” ។ បើមិនផ្សំទេ ហ នេះកើតក្នុងកវិញ ហៅថា កណ្ឋជៈ ។ ឋាននៃអក្ខរៈ(សូមរង់ចាំសិក្សាករណៈនៃអក្ខរៈ៤១តួបន្ត)
Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged | Leave a comment

ព្យញ្ជនៈ

ព្យញ្ជន ៣៣ព្យញ្ជនៈមានន័យថា (អក្ខរៈ) ធ្វើសេចក្តីឲ្យប្រាកដ ។ ព្យញ្ជនៈមាន ៣៣ តួ​ ហើយត្រូវ​បាន​បែង​ចែក​ជា​ពីរប្រភេទគឺ

 1. សុទ្ធព្យញ្ជនៈ ឬព្យញ្ជនៈគ គឺជាព្យញ្ជនៈដែលមិនទាន់ផ្សំជាមួយស្រៈ ពោលគឺមិនអាចបញ្ចេញ​សំឡេង​បាន ។ ឧទាហរណ៍ ពាក្យថា ការកោ បើសរសេរជាព្យញ្ជន​សុទ្ធបែបនេះ​ “ក៑ រ៑ ក៑” មិន​អាចអានបានទេ ។ ដើម្បីសម្រួលដល់ការរាប់ព្យញ្ជនៈ លោកបានសន្មតព្យញ្ជនៈ ៣៣ តួ ពី ក ដល់ ំ ហាក់ដូចជាមានស្រៈ អៈ នៅរួមជាមួយ ទើបអានកើតគឺ ក អានថា កៈ, ខ អានថា ក្ហៈ, គ អានថា គៈ, ឃ អានថា គ្ហៈ ជាដើម ។
 2. និស្សិតព្យញ្ជនៈ គឺព្យញ្ជនៈដែលអាស្រ័យនូវស្រៈ បានដល់ព្យញ្ជនៈប្រកបផ្សំជាមួយ​ស្រៈ​រួចហើយ ។ ឧទាហរណ៍ ការកោ ខលុ ខាយតិ ជាដើម ( ការកោ ឈ្មោះថា និស្សិត ព្រោះមាន​ស្រៈ អា អ ឱ នៅរួម, ខលុ ឈ្មោះថា និស្សិត ព្រោះមានស្រៈ អ ឧ ប្រកបជាមួយ, ខាយតិ ឈ្មោះថា និស្សិត ព្រោះមានស្រៈ អា អ ឥ ផ្សំជាមួយផង ) ។

ព្យញ្ជនៈ ៣៣ តួន៎ុះ បើចែកជាវគ្គ មានពីរវគ្គគឺ វគ្គៈ និងអវគ្គៈ ។

 • វគ្គៈ “ពួក ឬក្រុម” មាន ៥ ពួកគឺ
 1. កវគ្គៈ “ពួកក” មាន កខគឃង
 2. ចវគ្គៈ “ពួកច” មាន ចឆជឈញ
 3. ដវគ្គៈ “ពួកដ” មាន ដឋឌឍណ
 4. តវគ្គៈ “ពួកត” មាន តថទធន
 5. បវគ្គៈ “ពួកប” មាន បផពភម
 • អវគ្គៈ ឬសេសវគ្គ “ព្យញ្ជនៈគ្មានពួក ឬព្យញ្ជនៈដែលសេសសល់អំពីវគ្គៈ” មាន ៨ តួគឺ យ រ​ ល វ ស ហ ឡ ំ ។ (សូមរង់ចាំសិក្សាអំពី ឋាននៃអក្ខរៈបន្ត)
Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , | Leave a comment

Introducing Buddhism

By Ven. Dr. K. Sri Dhammananda in Malaysia

Topics to discuss:

 1. Why Religion?
 2. What is Buddhism?
 3. Buddhist Practices and Beliefs?
Posted in ទំព័រដើម, ពត៌មានផ្សេងៗ | Tagged , , | Leave a comment

ទិសដៅ

ទិសដៅនៃប្លកនេះ មានដូចតទៅ៖

 1. រៀនបាលីវេយ្យាករណ៍ ដើម្បីឲ្យចេះអានពាក្យ ស្គាល់ន័យនៃពាក្យនោះ ចេះប្រែ​ពាក្យ​មួយៗ និងបង្កើតពាក្យ
 2. រៀនបង្កើតប្រយោគ និងបកប្រែពីភាសាបាលីទៅជាភាសាខ្មែរ និងពីភាសាខ្មែរទៅជា​ភាសាបាលីវិញ
 3. រៀនប្រែយកសេចក្តីឲ្យងាយយល់ ដើម្បីឈ្វេងយល់ពីអត្ថន័យនៃព្រះពុទ្ធវចនៈ
 4. រៀនតែងបាលីគាថា ដែលជាចំណេះដឹងស៊ីជម្រៅ និងសំខាន់បំផុតក្នុងការសិក្សាភាសា​បាលី ។
Posted in ទិសដៅ | Tagged | Leave a comment